របាយការណ៍សង្ខេបអំពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (GFT)
វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ស្ថិរភាពនយោយបាយ ប្រាក់ឈ្នួល និងថ្លៃដើមផលិតកម្មដែលមានលក្ខណៈប្រកួតប្រជែង ការទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល គឺជាអត្ថប្រយោជន៍របស់វិស័យនេះ ដែលធ្វើឲ្យវិស័យនេះរីកចម្រើន និងក្លាយជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច។ យោងតាមយុទ្ធសាស្រ្តអភិវឌ្ឈន៍វិស័យ GFT របស់កម្ពុជាឆ្នាំ ២០២២-២០២៧ សម្លៀកបំពាក់នៅតែរក្សាបានជាង ៧០% នៃចំណែកនៃការនាំចេញឧស្សាហកម្មចាប់តាំងពីឆ្នាំ ២០០៩ ខណៈកម្ពុជាក៏បានធ្វើពិពិធកម្មការនាំចេញរបស់ខ្លួនផងដែរ ដោយនាំចេញផលិតផលដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់អេឡិចត្រូនិច។



