នៅថ្ងៃទី១៦ ​ខែឧសភា​ ឆ្នាំ២០២៣ ​នៅសណ្ឋាគារ ​Hyatt Regency Phnom Penh ​អង្គការ​ ​Global Fashion Agenda ​អង្គការ ​​GIZ​ និង​មជ្ឈមណ្ឌល RBH បានរៀបចំ​សិក្ខាសាលា​ស្ដីពី​វាយនភ័ណ្ឌ ​និង​សម្លៀកបំពាក់​វិលជុំ​​ ដើម្បី​ធ្វើការពិភាក្សា​រកមធ្យោបាយ​ផ្ដល់តម្លៃ​ដល់សំណល់​វាយនភ័ណ្ឌ ​និង​បង្កើត​គំរូធុរកិច្ច​វិលជុំ​ក្នុង​ឧស្សាហកម្ម​សម្លៀកបំពាក់​ និង​ស្បែកជើង​​ដែល​ផ្ដល់ប្រយោជន៍​ដល់​ប្រទេសកម្ពុជា។​​អ្នកចូលរួម​នៅក្នុង​កម្មវិធីនេះ​​ដែល​បានស្ដាប់ពី​តួអង្គ​ក្នុងស្រុក​ដែលមាន​ភាពលេចធ្លោ​​មានឱកាស​ពិនិត្យមើល​ការអនុវត្តល្អ​របស់​ប្រទេសនានា​ និង​បានធ្វើការ​ចែករំលែក​អំពី​គោលដៅ​ និង​សកម្មភាព​អាទិភាព​របស់​សហគ្រាស​ពាក់ព័ន្ធ​នឹង​កម្មវិធីវិលជុំនេះ។

ប្រធានបទ​នៃ​កិច្ចពិភាក្សា​រួមមាន៖ ​សារៈសំខាន់នៃ​ការញែកសំណល់​វាយនភ័ណ្ឌ ​ការអនុវត្ត​កម្មវិធី​ផ្ដល់​ការឧបត្ថម្ភ​លើកទឹកចិត្ត​​ដើម្បី​ជំរុញឱ្យមាន​អាប្បកិរិយា​ប្រកបដោយ​និរន្តភាព ​និង​ការកំណត់​បច្ចេកវិទ្យា​កែច្នៃឡើងវិញ​សមស្រប​​ដើម្បី​គ្រប់គ្រង​សំណល់វាយនភ័ណ្ឌ​នៅកម្ពុជា​ឱ្យមាន​ប្រសិទ្ធផល។