វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ស្ថិរភាពនយោយបាយ ប្រាក់ឈ្នួល និងថ្លៃដើមផលិតកម្មដែលមានលក្ខណៈប្រកួតប្រជែង ការទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល គឺជាអត្ថប្រយោជន៍របស់វិស័យនេះ ដែលធ្វើឲ្យវិស័យនេះរីកចម្រើន និងក្លាយជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច។ យោងតាមយុទ្ធសាស្រ្តអភិវឌ្ឈន៍វិស័យ GFT របស់កម្ពុជាឆ្នាំ ២០២២-២០២៧ សម្លៀកបំពាក់នៅតែរក្សាបានជាង ៧០% នៃចំណែកនៃការនាំចេញឧស្សាហកម្មចាប់តាំងពីឆ្នាំ ២០០៩ ខណៈកម្ពុជាក៏បានធ្វើពិពិធកម្មការនាំចេញរបស់ខ្លួនផងដែរ ដោយនាំចេញផលិតផលដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់អេឡិចត្រូនិច។ លើសពីនេះ ការនាំចេញផលិតផលធ្វើដំណើរ (ឬកាបូប) ដូចជា វ៉ាលី កាបូបស្ពាយ កាបូបយួរ និងកាបូបដាក់លុយ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចំនួនរោងចក្រ សហគ្រាសដែលផលិតសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរបានបន្តកើនឡើង។ ក្នុងអំឡុងឆ្នាំ ២០២០-២០២៤ ចំនួនក្រុមហ៊ុន GFT សរុបបានកើនឡើងពី ១,១៩២ ក្នុងឆ្នាំ ២០២០ ដល់ ១,៥៥៥ ក្រុមហ៊ុន នៅឆ្នាំ ២០២៤។ ទាំងនេះរួមមានទាំងរោងចក្រនាំចេញ និងរោងចក្រ សហគ្រាសជួលផលិតបន្ត ដែលបម្រើដល់ផលិតកម្មរបស់រោងចក្រនាំចេញដូចជា បោកគក់ ប៉ាក់ ជ្រលក់ពណ៌ ដេរ វេចខ្ចប់ ជាដើម។ វិស័យនេះបានបង្កើតការងារដោយផ្ទាល់សម្រាប់កម្មករនិយោជិតជាង ៩១៨,០០០ នាក់ក្នុងឆ្នាំ ២០២៤ ហើយត្រូវបានគេប៉ាន់ប្រមាណថា បានផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាជនពី ២.៥ ទៅ ៣ លាននាក់។ កម្មករនិយោជិតស្រីមានចំនួន ៧៥.៦% នៃបុគ្គលិកទាំងអស់នៅក្នុងវិស័៧នេះក្នុងឆ្នាំ ២០២៤។



